ខេត្តព្រះវិហារ៖ នារសៀលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មានរថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243 ដឹកដូងក្រអូបដែកបានលួចឆ្លងដែនពីច្រក ម៉ឺនសែន ខេត្តចំប៉ាសាក់ ប្រទេសឡាវ ចូលតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារបស់ ត្រូវបានកម្លាំងចម្រុះ គយខេត្តព្រះវិហារ សហការជាមួយមន្ត្រីគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបបទល្មើសរត់ពន្ធតំបន់៥ សាខាគយនិងរដ្ឋាករខេត្តកំពង់ធំ រួមទាំងកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលទំនិញគេចពន្ធបានដោយជោគជ័យ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
តាមការបញ្ជាក់ពីមន្ត្រីជំនាញបានឲដឹងថា៖ តាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្តីជំនាញ ក្រុមការងារបានរកឃើញទំនិញគេចពន្ធរួមមាន
ផ្លែដូងក្រអូប ចំនួន២,៨៥០ផ្លែ ស្មើនឹងប្រមាណ ១,៥០០គីឡូក្រាម ទឹកដូងច្រកដប ចំនួន ២៨០ដប ស្មើនឹងប្រមាណ ៤២០លីត្រ សាច់ដូង: ចំនួន ២៤គីឡូក្រាម។
ក្រោយការសាកសួរ និងស្រាវជ្រាវយ៉ាងលម្អិត ពីមន្ត្រីគយបានរកឃើញថា ដូងក្រអូបទាំងអស់នេះត្រូវបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជាតាមទូក ដោយឆ្លងកាត់កំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ដែលជាបទល្មើសគេចពន្ធទាំងស្រុង។
បច្ចុប្បន្នរថយន្ត និងវត្ថុតាងដែលចាប់បានទាំងអស់ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកឆែប ដើម្បីធ្វើកំណត់ហេតុល្មើស និងបន្តនីតិវិធីស្របតាមច្បាប់គយជាធរមាន៕