(កំពង់ធំ)៖ រដ្ឋបាលក្រុងស្ទឹងសែន បានរៀបចំពិធីប្រកួតកីឡាមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាពលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន អមដំណេីរដោយ អភិបាលរង និងមានការចូលរួមពីសំណាក់ លោកចៅសង្កាត់ លោកគ្រូអ្នកគ្រូជាគ្រូបង្គោល មកពីសាលានានាក្នុងក្រុងស្ទឹងសែន បានអញ្ជេីញបិទការប្រកួតកីឡាថ្នាក់បឋមសិក្សា-មធ្យមសិក្សា ជ្រេីសរេីសជេីងឯកថ្នាក់ក្រុង ឆ្នាំ២០២៥ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ក្នុងបរិវេណវិទ្យាល័យកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ពេញ កែម បានបញ្ជាក់ថា ការលេងកីឡាគឺជាកត្តាមួយដែលបានផ្សារភ្ជាប់ទៅនឹងការសិក្សារៀនសូត្រ ចូលរួមចំណែក ធ្វើឱ្យសុខភាព រាងកាយរឹងមាំ រៀនបានពូកែ ចេះសាមគ្គីគ្នា មានភាពទំនាក់ទំនងគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍសាលារៀនមានការរីកចម្រើន ប្រកបដោយបរិស្ថានស្អាត និងជាសាលាកុមារមេត្រី។ ការប្រកួតកីឡានេះគឺធ្វើឱ្យយុវជន សិស្សានុសិស្ស ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡា ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៍ និងនៅទីសាធារណៈជាដើម។ អ្វីជាសំខាន់ជាងនេះទៅទៀតនោះ ការប្រកួតនៅថ្ងៃនេះក៏ជាការចូលរួមលេីកស្ទួយ វិស័យកីឡាឱ្យកាន់តែប្រសេីរឡេីង។
លោកអភិបាលក្រុងស្ទឹងសែន បានផ្ដាំផ្ញើ លើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ដែលបានប្រកួតក្នុងរយៈពេល២ថ្ងែ ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះក៏ជាការដកស្រង់បទពិសោធន៍ បច្ចេកទេសពីគ្នាទៅវិញទៅមក ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ដើមី្បរក្សាឱ្យបាននូវភាពជោគជ័យរបស់នៅពេលក្រោយៗទៀត។ ក្រោយពីការប្រកួតបានចប់សព្វគ្រប់ហើយ សូមកីឡាករត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានល្អប្រសើរ ស្ដាប់លោកគ្រូអ្នកគ្រូ ក្នុងការបង្ហាត់បង្រៀន ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ពិសេសគឺចៀសឱ្យឆ្ងាយពីគ្រឿងញៀន ពេលទំនេរពីការសិក្សា ចេះជួយធ្វើកិច្ចការឪពុកម្ដាយ។
គួរបញ្ជាក់ផងដែរថា កីឡាករដែលចូលរួមក្នុងការប្រកួតនេះមានរយៈពេល២ថ្ងៃមានចំនួន៣៦៣នាក់ ស្រី១១៣នាក់ ស្មើនឹង១០០ក្រុម វិញ្ញាសាមាន៥គឺ (បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូលប៉េតង់ និងអត្តពលកម្ម)។ បានបែងចែកជា២ផ្នែកគឺ ១.ផ្នែកបឋមសិក្សាមានដែលទទួលជ័យលាភីមាន÷ កីឡាករបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្មមាន៤គឺ (កីឡាកររត់ល្បឿន៦០ម៉ែត្រ លោតចម្ងាយ លោតកម្ពស់ រត់ចម្ងាយ១០០ម៉ែត្រ)។ ២.ផ្នែកមធ្យមសិក្សាមានដែលទទួលជ័យលាភីមាន÷ កីឡាករបាល់ទាត់ បាល់ទះ បាល់បោះ ប៊ូលបេតង់មាន(៣នាក់ទល់នឹង៣នាក់-១នាក់ទល់នឹង១នាក់) អត្តពលកម្មមាន(កីឡាកររត់ចម្ងាយ១០០ម៉ែត្រ លោតចម្ងាយ លោតកម្ពស់ ចោលដំដែក រត់ចម្ងាយ៣០០ម៉ែត្រ ដើរចម្ងាយ៥.០០០ម៉ែត្រ)ផងដែរ ៕ អត្ថបទលោក ធូ កែវមុន្នី