ត្បូងឃ្មុំ: ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបេីកព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង២២.០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ពិសារដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ អាចចាត់ទុកជាព្រឹត្តការណ៍ ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ ព្រោះបាញ់ឆែវ គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង និងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរណ៍ជិតឆ្ងាយយ៉ាងច្រើនកុះករ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភ និងរួមសហការការពាររៀបចំសង្ក្រាន្តត្បូងឃ្មុំ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពយ៉ាងល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋលេងកម្សាន្តសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឱ្យដឹងថា ព្រឹត្តការណ៍ចាក់បាញ់ឆែវនេះ មានរយៈពេលពេញ១ថ្ងៃ ដោយមានការចូលរួមពីអាជ្ញាធរស្រុក/ឃុំ/ភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានខ្ទះសរុបចំនួន ១៥០ខ្ទះ និងប្រើប្រាស់អង្ករ ចំនួន១,១០០គីឡូក្រាម ដែលផលិតបាញ់ឆែវបាន ចំនួន២២,០០០បន្ទះ ៕