កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ស្រុក កោះសូទិន ខណៈស្ពានបេតុង អុងកូ ប្រវែងជាង៧០ម៉ែត្រ ក្នុងឃុំពង្រ ត្រូវបានសាងសង់រួចរាល់ ជាស្ថាពរ១០០%ហើយ យើងក៏នៅមានគម្រោងស្ថាបនាស្ពានបេតុងឆ្លងកាត់ទន្លេតូចបន្ថែមទៀត នៅក្នុងឃុំពាមប្រធ្នោះ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម រួមជាមួយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគុណភាព និងវឌ្ឍនភាពនៃការស្ថាបនាស្ពានបេតុង អុងកូ ប្រវែងជាង៧០ម៉ែត្រ ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ពានបេតុងដ៏រឹងមាំ ដែលជំនួសឱ្យស្ពានចាស់ទ្រុឌទ្រោម គឺស្ពានអុងកូ ប្រវែងជាង ៧០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ត្រូវបានសាងសង់រួចរាល់ ជាស្ថាពរ ១០០%ហើយ ទន្ទឹមនឹងនេះ យើងក៏នៅមានគម្រោងសាងសង់ស្ពានបេតុង ១កន្លែងទៀត ដោយឆ្លងកាត់ទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ស្ថិតក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលមានប្រវែងពី ៩០ទៅ ១០០ម៉ែត្រ ទៀតផង ។
គួរបញ្ជាក់ថា ស្ពានបេតុងដែលមានឈ្មោះ អុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ ជា គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ ស្ថិតនៅក្នុងភូមិកំពង់ឪ ជ្រុង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ហើយ ក៏បានបើកឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ដោយគ្រប់មធ្យោបាយធ្វើដំណើរផងដែរ៕