ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រដល់បងប្អូនកងកម្លាំង ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដីយ៉ាងអង់អាចក្លាហាន និងជាខឿនការពារជាតិប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ដែលរួមមានថ្នាក់ដឹកនាំ ស.ស.យ.ក. សមាជិក សមាជិកា មកពីមជ្ឈដ្ឋានចម្រុះរួមមាន គ្រឹះស្ថានឧត្តមសិក្សា អង្គការ សមាគមយុវជន វិស័យឯកជន និងសិល្បៈករ ជាច្រើនរូបទៀត ដែលធ្វើឡើងនៅទីបញ្ជាការអង្គរក្សទួល៩៥ ទិសព្រះវិហារ ស្ថិតក្នុងភូមធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការចូលរួមយ៉ាងផុសផុលរបស់ក្រុមគ្រួសារ ស.ស.យ.ក នាពេលនេះបានបង្ហាញយ៉ាងច្បាស់នូវស្មារតីសាមគ្គីភាព និងមនសិការស្នេហាជាតិរបស់យុវជនកម្ពុជាគ្រប់ស្រទាប់ដែលតែងតែយកចិត្តទុកដាក់ ដឹងគុណ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតរបស់កងកម្លាំងជួរមុខ ក្នុងការការពារជាតិមាតុភូមិប្រកបដោយប្រសិទ្ធភាព។