ត្បូងឃ្មុំ: ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញសម្ភោធរោងចក្រកាត់ដេ ស៊ីន ហុងប៉េង ខេមបូឌា ខូអិលធីឌី និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ជាង៥០០នាក់ ស្ថិតនៅក្នុងភូមិអណ្តោក ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជាមួយការសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការវិនិយោគផ្សេងៗក្នុងទឹកដីខេត្តត្បូងឃ្មុំ គឺឳកាសមួយយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រោះថារោងចក្រមួយកន្លែងនេះអាចផ្តល់ឳកាសការងារ ទទួលបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាក់ស្រុក ឆ្ងាយផ្ទះទៅរកការងារធ្វើ ។
ជាមួយឳកាសដ៏ល្អបែបនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ ត្រូវខិតខំបំពេញការងារឳ្យបានល្អ ដោយមិនត្រូវខ្ជិល ឬបង្ករភាពអណាធិបតេយ្យនោះឡេីយ ដូចគ្នាខាងរោងចក្រ ក៏មិនត្រូវគៀបសង្កត់បងប្អូនកម្មករ កម្មការិនី ខុសពីច្បាប់ការងារនោះដែរ ពោលគឺខាងកម្មករ ខិតប្រឹងធ្វើការឱ្យបានល្អ ចំណែកខាងរោងចក្រត្រូវអនុវត្តតាមច្បាប់ការងារឱ្យបានត្រឹមត្រូវ ចំណែកអាជ្ញាធរខេត្ត មន្ទីពាក់ព័ន្ធ និងចាំជួយគាំពាទាំងខាងកម្មករ កម្មការិនី និងខាងរោងចក្រ ដើម្បីធ្វើយ៉ាងណា ឱ្យដំណើការបានល្អ ប្រយោជទទួលបានទាំងសងខាង ។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលអភិបាលខេត្តត្បូងឃ្មុំ ក៏បានស្នើដល់ខាងរោងចក្រត្រូវរៀបចំ កន្លែងទទួលទានអាហារឱ្យបានសមរម្យ រៀបចំធ្វើបន្ទប់ទឹកបន្ថែម ពិសេសគឺក្នុងរោងចក្រ ធ្វេីយ៉ាងណាត្រូវរៀបចំធានាឱ្យមានផាសុខភាព មិនប៉ះពាល់ដល់សុខភាពកម្មករ កម្មការិនី ក្នុងនោះត្រូវ មានក្រុមគ្រូពេទ្យសម្រាប់ជួយសង្គ្រោះបឋមផងដែរ ។
បើតាមរបាយការណ៍រោងចក្រ បានឱ្យដឹងថា សព្វថ្ងៃនេះរោងចក្រមានកម្មករ កម្មការិនី បំពេញការងារ ជាង ៥០០នាក់ ដោយនៅថ្ងៃអនាគត់ អាចបង្កើនកម្លាំងពលកម្មរហូតដល់ ៧០០នាក់។ សម្រាប់សំលៀកបំពាក់ដែលផលិតបានគឺនាំចេញទៅលក់ នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី ផងដែរ ៕