រដ្ឋមន្ត្រី ជា វ៉ាន់ដេត រំលឹកពីហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត

ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរំលឹកពីហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ទន្ទឹមនឹងបច្ចេកវិទ្យាមួយនេះកំពុងពេញនិយមនិងមានសន្ទុះប្រើប្រាស់កាន់តែច្រើនៗឡើងនៅទូទាំងពិភពលោក។

បញ្ញាសិប្បនិម្មិត (AI) បានជួយការងារយ៉ាងច្រើនសម្បើម ប៉ុន្តែក៏អាចបង្កនូវហានិភ័យច្រើនផងដែរ ដូចជាការបំភ្លៃព័ត៌មាន (ព័ត៌មានក្លែងក្លាយ) ដែលនាំដល់ការភ័ន្ទច្រឡំ និងអាចប៉ះពាល់ដល់ភាពវឹកវរ បើសិនជាមិនមានការបំភ្លឺ ឬឆ្លើយតបឱ្យទាន់ពេលវេលានោះទេ។

ថ្លែងនៅឯសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកទឹកចិត្តឱ្យគ្រប់ក្រសួងស្ថាប័ន “ធ្វើការវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យរបស់ខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍“។

លោកបានបន្ថែមថា “តួអង្គពាក់ព័ន្ធគ្រប់វិស័យ មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបអាចគិតពី AI នោះទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” ។

នៅឯសិក្ខាសាលារយៈពេលពីរថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាន គូសបញ្ជាក់ថា នេះជាពេលវេលាសមស្របបំផុតដែលកម្ពុជាបានត្រៀមលក្ខណៈជាស្រេចជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការសិក្សានិងកំណត់ទិសដៅជាយុទ្ធសាស្រ្តលើការងារ AI។

គោលបំណងនៃសិក្ខាសិលាថ្នាក់ជាតិនេះ គឺដើម្បីសម្ពោធនិងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្តល់សុពលភាពលើមតិយោបល់ដែលក្រសួង ស្ថាប័នបានផ្តល់មកលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតកន្លងមក និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមានវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ ។ល។ ក្នុងគោលដៅធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរាល់ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះនៅពេលដាក់ឱ្យប្រើប្រាស់៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Narithnews - Web Design by Phoeun