កំពង់ឆ្នាំង៖ ផ្សាររមាសជាផ្សារស្ថិតក្នុងទីប្រជុំជនស្រុកទឹកផុស ដែលត្រូវធ្វើការរៀបចំសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ សាធារណៈ ឱ្យបានល្អប្រសើរ ប៉ុន្តែបច្ចុប្បន្នមានបងប្អូន អាជីវករសិប្បករនិងប្រជាពលរដ្ឋបានដាក់តាំងលក់ដូរនៅតាមដងផ្លូវជុំវិញផ្សាររមាសដែលបណ្តាលឱ្យមានការប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ របៀប រៀបរយ ការកកស្ទះក្នុងការធ្វើចរាចរណ៍ទៅវិញទៅមក មានសំរាមជាច្រើនដែលនៅលើដងផ្លូវសាធារណៈ ជះក្លិន មិនល្អដល់សុខភាពប្រជាពលរដ្ឋទូទៅ។
ដើម្បីរក្សាបាននូវសេចក្តី ថ្លៃថ្នូររស់នៅរបស់ប្រជាពលរដ្ឋ ក្នុងទីប្រជុំជនផ្សាររមាសប្រកបទៅដោយផាសុខភាព និងមានសោភ័ណ្ឌភាពរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈល្អ ការធ្វើដំណើរប្រកបដោយសុវត្ថិភាពល្អប្រសើរ។ រដ្ឋបាលស្រុក សូមជូនដំណឹង ដល់បងប្អូន អាជីវករ សិប្បករប្រជាពលរដ្ឋទាំងអស់ដែលបានលក់នៅ តាមដងផ្លូវនានាខាងក្រៅផ្សាររមាសមានដូចខាងក្រោម៖
1. ចំពោះបងប្អូន អាជីវករដែលមានតូបលក់នៅក្នុងផ្សារហើយត្រូវមកតាំងដាក់លក់នៅតូបរបស់ខ្លួន ដូចដើមវិញ។
2. ចំពោះបងប្អូនអាជីវករ ប្រជាពលរដ្ឋដែលលក់តាម កញ្ជើ ល្អី ត្រូវមកលក់នៅកន្លែង កញ្ជើ ល្អី ដែលគណៈកម្មការផ្សារបានរៀបចំចាត់ចែង។
3. បងប្អូន អាជីវករ សិប្បករ និងប្រជាពលរដ្ឋ ទាំងអស់ ត្រូវធ្វើការរុះរើចូលទៅលក់ក្នុងផ្សារវិញតាម ទីកន្លែងដែលគណៈកម្មការផ្សារបានរៀបចំក្នុងរយៈពេល ៥ថ្ងៃឱ្យបានរួចរាល់ដោយគិតចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅជាកំហិត។
ករណី បងប្អូន អាជីវករ សិប្បករ និងប្រជាពលរដ្ឋ មិនបានអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលស្រុកនិងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមានវិធានការរុះរើ ដោយមិនទទួលខុស ត្រូវលើការបាត់បង់ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ៕