អភិបាលខេត្តកំពង់ចាម អះអាងថា​ ការទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតប្រវែងជាង ២០០ម៉ែត្រ នៅក្រោយវត្តមាន់ដប់​ ស្រុកស្រីសន្ធរ​ ត្រូវ​បាន​សាងសង់​រួចរាល់​ជាស្ថាពរ​ហេីយ

កំពង់ចាម:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា​ ការទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតប្រវែងជាង ២០០ម៉ែត្រ នៅក្រោយវត្តមាន់ដប់​ ស្រុកស្រីសន្ធរ​ ត្រូវ​បាន​សាងសង់​រួចរាល់​ជាស្ថាពរ​ហេីយ​ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម រួមជាមួយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការសាងសង់ ដើម្បីទប់ស្កាត់កុំឱ្យបាក់ច្រាំងទន្លេបន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា ការទប់ស្កាត់ច្រាំងទន្លេនេះ​ គឺក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេត្រង់កន្លែងដែលបាក់ស្រុត ដែលមានប្រវែងជាង ២០០ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានក៏បានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ ដេីម្បី​ក្រុមការងារបច្ចេកទេស អាចមានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល ទៅតាមស្ថានភាពជំនន់ទឹកទន្លេឡើងតិចឬក៏ច្រើន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្ដូរទីតាំងទៅមើលកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទៅតាមផែនការ ដែលអាជ្ញាធរខេត្តបានពិភាក្សា និងព្រមព្រៀងគ្នាជាមួយក្រសួងរួចហើយ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដែរថា ការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺខាងក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះមកធ្វើការងារនេះដោយផ្ទាល់តែម្ដង ចាប់តាំងពីចុង ខែធ្នូ ឆ្នាំ២០២៤ ដោយសហការជាមួយ អាជ្ញាធរខេត្តកំពង់ចាម បន្ទាប់ពីមានការស្នើសុំ​ និងសំណូមពរ ឱ្យមានកិច្ចអន្តរាគមន៍ ពីខេត្ត ទៅ​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួងធនធានទឹក ទើបឈានឱ្យមានការសាងសង់នោះ ៕

Loading

Subscribe

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Narithnews - Web Design by Phoeun