កំពង់ចាម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់សេវាករ ត្រូវពន្លឿនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ដោយទុក រយៈពេល៣ខែបើពុំដូច្នោះទេ អាជ្ញាធរនឹងទទួលដៃគូថ្មីហើយ ការព្រមានបែបនេះក្នុងឱកាសដែល ឯកឧត្តមបានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាព និងបើក កិច្ចប្រជុំ ដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាត នៅសាលាឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ។
បើតាមលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានឱ្យដឹងថា អ្នកវិនិយោគឯកជន ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ដំណើរការផ្គត់ផ្គង់ ទឹកប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១២ មកដល់ពេលនេះរយៈពេលជាង១០ឆ្នាំមកហើយ និងបានកើតបញ្ហាចាប់តាំង ពីឆ្នាំ២០១៤រៀងរហូតដល់បច្ចុប្បន្ន ដូចជាទឹកប្រើប្រាស់មិនស្អាត ទឹកមានកករ និងមិនគ្រប់គ្រាន់ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងពេលខ្លះដាច់ទឹករយៈពេលយូរថ្ងៃថែមទៀត។
លោកអភិបាលស្រុក បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកខ្លាំងរបស់ប្រជាពលរដ្ឋ ក្នុងឃុំព្រែកដំបូក និងមានសំណើ សំណូមពរ ព្រមទាំងស្នាមមេដៃរបស់បងប្អូនប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរស្រុក ជួយដោះស្រាយ រដ្ឋបាលស្រុកបានចេញលិខិតអញ្ជើញម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹក និងតំណាងប្រជាពលរដ្ឋក្នុងឃុំ ជួបប្រជុំពិភាក្សាសម្របសម្រួលដោះស្រាយបញ្ហាកើតឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដែលទទួលបានលទ្ធផលសម្រេចបានចេញជាកិច្ចសន្យា និងស្នាមមេដៃទទួលស្គាល់ផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកក្នុងឃុំព្រែកដំបូក ធ្វើការដោះស្រាយកែលម្អ ៕