ត្បូងឃ្មុំ: ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ១០០០ម៉ែត្រ ដោយប្រើប្រាស់បាវប្រភេទ Geotextile បាញ់ខ្សាច់បញ្ចូល ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ឱ្យបន្តពង្រឹងលើគុណភាព និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា។
គូសបញ្ជាក់ផងដែរថា ដោយសារទឹកជំនន់ទន្លេមេគង្គ នាពេលកន្លងទៅ បណ្ដាលរងឲ្យប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធនានាមួយចំនួនមានដូចជា ៖ ផ្លូវថ្នល់ និងលំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ។ ដោយមើលឃើញស្ថានភាពទាំងអស់នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះសិក្សាលក្ខណៈបច្ចេកទេស យ៉ាងម៉ត់ចត់បំផុត ដើម្បីរកវិធីសាស្ត្រធ្វើយ៉ាងណា ការពារមិនឲ្យមានការបាក់ស្រុតច្រាំងនេះជាបន្តទៀត ។
ឆ្លើយតបទៅនឹង ក្ដីបារម្ភទាំងអស់នោះ អាជ្ញាធរខេត្ត ក៏បានធ្វើការដោះស្រាយ លើទីតាំងមួយចំនួន ដែលទទួលរងការបាក់ស្រុតនោះ ទៅតាមលទ្ធភាពនិងជាជំហ៊ានៗផងដែរ ។ ជាក់ស្ដែង មកដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានស្នើដល់ ក្រសួងធនធានទឹក និងឧតុនិយម ដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ក្នុងការប្រើប្រាស់បាវប្រភេទ Geotextile បាញ់ខ្សាច់បញ្ចូល ដើម្បីការពារច្រាំងទន្លេ នៅទីតាំងដែលរង់ការបាក់ស្រុតច្រាំងមួយចំនួនឡើងវិញផងដែរ៕